ប្រព័ន្ធព្រះអាទិត្យ
ប្រព័ន្ធព្រះអាទិត្យ ឬ ប្រព័ន្ធសុរិយចក្រវាល (Solar System) មានព្រះអាទិត្យ និងអង្គធាតុ ដែលវិលជុំវិញវាដោយសារទំនាញ។ អង្គធាតុទាំងនោះ រួមមាន ភពទាំងប្រាំបី និងព្រះចន្ទរបស់ពួកវាទាំង ១៦៦ គេបានស្គាល់ កូនភពបួន និងវត្ថុធាតុតូចៗរាប់កោដិទៀត ដោយរួមបញ្ចូលទាំង ផ្កាយព្រះគ្រោះ វត្ថុធាតុនៃខ្សែក្រវាត់ខាយព័រ (Kuiper) ផ្កាយដុះកន្ទុយ អាចម៍ផ្កាយ និងកម្ទេចធូលីអវកាស។
ដោយរបកគំហើញ កាន់តែទូលាយឡើង នាំឱ្យគេធ្វើលំដាប់ថ្នាក់នៃប្រព័ន្ធព្រះអាទិត្យដូចតទៅ៖ ព្រះអាទិត្យ ភពរឹងខាងក្នុងបួន ខ្សែក្រវាត់ផ្កាយព្រះគ្រោះ ភពបណ្ដុំឧស្ម័នយក្សខាងក្រៅបួន ខ្សែក្រវាត់ខាយព័រ (kuiper) មណ្ឌលថាសរាយប៉ាយ និងខាងក្រៅបង្អស់ជាបណ្ដុំនៃ Oort cloud មិនច្បាស់លាស់។
ប្រព័ន្ធព្រះអាទិត្យ

លំហូរនូវបណ្ដុំអ៊ីយ៉ុងឧស្ម័ន ពីព្រះអាទិត្យ ហៅថាខ្យល់ព្រះអាទិត្យ (Solar wind) បានជ្រាបចូលទៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ខ្យល់ព្រះអាទិត្យ បង្កើតនូវពពុះនៅក្នុង interstellar medium ដែលត្រូវបានគេស្គាល់ថា heliosphere ដែលពង្រីកខ្លួននៅជុំវិញមណ្ឌលថាសរាយប៉ាយ។
ខាងក្រោមនេះគឺជាភពទាំងប្រាំបី ដោយរាប់តាមលំដាប់នៃចម្ងាយពីព្រះអាទិត្យ៖
* ភពពុធ (Mercury)
* ភពសុក្រ (Venus)
* ភពផែនដី (Earth)
* ភពអង្គារ (Mars)
* ភពព្រហស្បតិ៍ (Jupiter)
* ភពសៅរ៍ (Saturn)
* ភពអ៊ុយរ៉ានុស (Uranus)
* ភពណិបទូន (Neptune)
នៅពាក់កណ្ដាលឆ្នាំ ២០០៨ អង្គធាតុតូចៗបួន ត្រូវបានគេចាត់ចូលក្នុងថ្នាក់ កូនភព (dwarfplanets) ។ កូនភព ទាំងបួននោះគឺ៖ សឺរេស (Ceres) ស្ថិតនៅក្នុងខ្សែក្រវាត់ផ្កាយព្រះគ្រោះ និងកូនភពបីទៀតមាន ភ្លុយតុង (Pluto) ម៉ាគីម៉ាគី (Makemake) និង អៀរីស (Eris) ដែលគោចរជុំវិញព្រះអាទិត្យ នៅក្រៅភពណិបទូន។
ភពចំនួនប្រាំមួយ និងកូនភពពីរទៀត ត្រូវបានវិលជុំវិញដោយតារារណបធម្មជាតិ ដែលគេឱ្យឈ្មោះថា ព្រះចន្ទ (Moons) បន្ទាប់ពី ព្រះចន្ទរបស់ផែនដី ព្រះចន្ទនៃភពខាងក្រៅ ត្រូវបានហ៊ុមព័ន្ធជុំវិញជារង្វង់ ដោយធូលី និងភាគល្អិតផ្សេងទៀត។
មាតិកា
[លាក់]
* ១ យត្តស័ព្ទ
o ១.១ មណ្ឌល
o ១.២ ភព កូនភព និងរូបធាតុតូចៗ
o ១.៣ ឧស្ម័ន ថ្ម និងទឹកកក
o ១.៤ ខ្នាតតារាសាស្ត្រ (Astronomical unit)
* ២ ព្រះអាទិត្យ
* ៣ មណ្ឌលខាងក្នុង
o ៣.១ ភពក្នុង
o ៣.២ ខ្សែក្រវាត់ផ្កាយព្រះគ្រោះ
* ៤ មណ្ឌលកណ្ដាល
o ៤.១ ភពក្រៅ
o ៤.២ ផ្កាយដុះកន្ទុយ
យត្តស័ព្ទ

មណ្ឌលនៃប្រព័ន្ធព្រះអាទិត្យ
មណ្ឌល
តាមធម្មតា គេចែកប្រព័ន្ធព្រះអាទិត្យ ទៅជាមណ្ឌល។ មណ្ឌលខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ រួមបញ្ចូលភពរឹងបួន និងខ្សែក្រវាត់ផ្កាយព្រះគ្រោះ ហើយមណ្ឌលខាងក្រៅ សំដៅលើអ្វីទាំងអស់ ដែលស្ថិតនៅក្រៅខ្សែក្រវាត់ផ្កាយព្រះគ្រោះ។ ចាប់តាំងពីការរកឃើញខ្សែក្រវាត់ខាយព័រនៅក្រៅ ភពណិបទូន គេបានកំណត់យកភពឧស្ម័នយក្សទាំងបួនជាមណ្ឌលកណ្ដាល។
ភព កូនភព និងរូបធាតុតូចៗ
នៅខែសីហា ២០០៦ សហភាពតារាវិទ្យាអន្តរជាតិ (International Astronomical Union) បានកំណត់និយមន័យនៃភព ជាដំបូង ដោយសារការរកឃើញចក្រវាលថ្មីមួយទៀតឈ្មោះ អៀរីស ហើយការពិភាក្សាជាបន្តបន្ទាប់ គឺស្ដីពីការចាត់ថ្នាក់របស់វា។ តាមនិយមន័យនេះ គេបានចែកវត្ថុធាតុ ដែលគោចរជុំវិញព្រះអាទិត្យ ជាបីថ្នាក់ផ្សេងគ្នាគឺ៖ ភព កូនភព និងរូបធាតុតូចៗនៃប្រព័ន្ធព្រះអាទិត្យ។
ភពគឺជាអង្គធាតុទាំងឡាយណា ដែលគោចរជុំវិញព្រះអាទិត្យ មានម៉ាសគ្រប់គ្រាន់ ដើម្បីឱ្យខ្លួនវាមានរាងជាស្វ៊ែរ ហើយអាចសម្អាតវត្ថុតូចៗដែលស្ថិតនៅជិតគន្លងគោចររបស់ខ្លួន។ ដោយផ្អែកតាមនិយមន័យនេះ ប្រព័ន្ធព្រះអាទិត្យ មានភពចំនួនប្រាំបី ដែលត្រូវបានគេស្គាល់គឺ៖ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។ ភ្លុយតុង ត្រូវបានបាត់បង់ឋានៈជាភព ដោយសារតែវាមិនបានសម្អាតវត្ថុធាតុផ្សេងក្នុងខ្សែក្រវាត់ខាយព័រ ដែលស្ថិតនៅជិតគន្លងរបស់ខ្លួនឡើយ។
កូនភពគឺជាអង្គធាតុទាំងឡាយណា ដែលគោចរជុំវិញព្រះអាទិត្យ មានម៉ាសធំគ្រប់គ្រាន់ធៀបនឹងវត្ថុនៅជុំវិញដោយទំនាញរបស់វា តែមិនអាចសម្អាតវត្ថុធាតុផ្សេងដែលនៅជិតគន្លងរបស់ខ្លួនបាន ដូចភពឡើយ និងពុំមែនជាតារារណប។ តាមនិយមន័យនេះ ក្នុងប្រព័ន្ធព្រះអាទិត្យ មានកូនភពចំនួនបួន ដែលត្រូវបានគេស្គាល់គឺ៖ សឺរេស ភ្លុយតុង ម៉េកម៉េក និងអៀរីស ។ អង្គធាតុផ្សេងទៀត ទំនងជាអាចចាត់ចូលទៅក្នុងថ្នាក់ជាកូនភពដែរនោះមាន៖ សេដណា (Sedna) អ៊រគុស (Orcus) និង កៅអា (Quaoar) ។ កូនភព ដែលវិលជុំវិញ មណ្ឌលត្រង់-ណិបទូនាន (the trans-Neptunian) ហៅថា ភ្លុយតូអ៊ីដ (Plutoids) ។
ក្រៅពីនេះ អង្គធាតុដទៃទៀតដែលវិញជុំវិញព្រះអាទិត្យ ហៅថា រូបធាតុតូចៗនៃប្រព័ន្ធព្រះអាទិត្យ។
ឧស្ម័ន ថ្ម និងទឹកកក
តារាវិទូ ជាច្រើន បានកំណត់ពាក្យស័ព្ទ៖ ឧស្ម័ន ថ្ម និង ទឹកកក ដើម្បីពណ៌នាថ្នាក់នៃវត្ថុធាតុជាច្រើន ដែលបានរកឃើញនៅក្នុងលំហ។ ឧស្ម័ន គឺជារូបធាតុដែលចំណុចរលាយទាប ដូចជា៖ អាតូមអ៊ីដ្រូសែន (H) អេល្យូម (He) និង ឧស្ម័នកម្រ (Noble) ។ ទឹកកក មានដូចជា៖ ទឹក (H2O: water) មេតាន (CH4: methane) អាម៉ូញ៉ាក់ (NH3: ammonia) និង កាបូនឌីអុកស៊ីត (CO2: carbon dioxide) ដែលមានចំណុចរលាយរហូតដល់ ២00-៣00 អង្សាកែវិន (Kevin) ។ ការផ្លាស់ប្ដូរថ្នាក់ពាក្យស័ព្ទ ទាំងនេះតាងដោយការប្រមូលផ្ដុំសារធាតុ ដែលមានចំណុចរំពុះ ទាប (ក្រោម ២០០-៣០០ អង្សាកែវិន) រួមមាន ទឹកកក និង ឧស្ម័ន អាស្រ័យទៅនឹងសីតុណ្ហភាព។ ការផ្លាស់ប្ដូរនេះ អាចជា ទឹកកក វត្ថុរាវ និង ឧស្ម័ន ដែលត្រូវបានគេប្រទះនៅកន្លែងជាច្រើននៃប្រព័ន្ធព្រះអាទិត្យ។ ថ្ម (rock) ត្រូវបានគេប្រើដើម្បី ពណ៌នាពីរូបធាតុ ដែលមានចំណុចរលាយខ្ពស់ (លើសពី ៥០០ អង្សាកែវិន) ដែលជាធាតុផ្សំច្រើនបំផុតនៃភពរឹង ដូចជាស៊ីលីកាត (Si2O: silicates) ជាដើម។
ខ្នាតតារាសាស្ត្រ (Astronomical unit)
តារាវិទូ តែងតែវាស់ចម្ងាយដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយគិតជាខ្នាតតារាសាស្ត្រ (AU) ។ ១ ខ្នាតតារាសាស្ត្រ គឺកំណត់យកចម្ងាយមធ្យមពីផែនដីទៅព្រះអាទិត្យ ដោយ 1 AU = 149,598,000 km (92,956,000 mi) ។ ភ្លុយតុង មានចម្ងាយប្រហែល 38 AU ពីព្រះអាទិត្យ ខណៈដែល ភពព្រហស្បតិ៍ មានចម្ងាយ 5.2 AU ។ មួយឆ្នាំពន្លឺ (light-year) មាន 63,240 AU ។
ព្រះអាទិត្យ

Outersolarsystem objectpositions.jpg